យោងសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១០ ខែឧសភា កម្លាំងនគរបាល និងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការនៅរសៀលថ្ងៃទី៩ ខែឧសភា នៅកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីស្រាវជ្រាវករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជនបរទេសស្នាក់នៅខុសច្បាប់។

នគរបាលបានបញ្ជាក់ថា ជនបរទេសមួយចំនួនបានព្យាយាមរត់ចេញពីអគារ ពេលសមត្ថកិច្ចចូលទៅដល់។នគរបាលបានឱ្យដឹងថា កម្លាំងប្រតិបត្តិការបានហ៊ុំព័ទ្ធទីតាំង គ្រប់គ្រងស្ថានការណ៍ ឃាត់ខ្លួនជនបរទេសរាប់រយនាក់ និងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួន។


សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ជនបរទេសប្រមាណ៤០០នាក់កំពុងបន្តនីតិវិធីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជនបរទេសរាប់រយនាក់ទៀតត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអគារកាស៊ីណូ ដើម្បីស្រាវជ្រាវ និងសាកសួរបន្ថែម។








