ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលចរាចរណ៍ខេត្តព្រះសីហនុ ចុះអប់រំសិស្សអំពីសុវត្ថិភាពចរាចរណ៍ និងគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព”

KPS99TV

សេចក្តីសង្ខេប

តាមសេចក្ដីរាយការណ៍ កម្មវិធីថ្ងៃទី៩ ខែឧសភា បានផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង៧នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃគ្រឿងញៀន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្ស។

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ អាជ្ញាធរមូលដ្ឋាន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សកម្មភាពអប់រំផ្សព្វផ្សាយនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ក្នុងកម្មវិធីនេះ មន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិទាំង៧ចំណុច នៃគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ព្រមទាំងលើកឡើងពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ និងបង្កើនការយល់ដឹងដល់យុវជន។

មន្ត្រីជំនាញក៏បានណែនាំដល់សិស្សានុសិស្ស អំពីសុវត្ថិភាពក្នុងការបើកបរយានយន្ត ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ការគោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងជំរុញឱ្យជៀសវាងការបើកបរបញ្ច្រាស់ទិស ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរលើសល្បឿនកំណត់។

ជាមួយគ្នានេះ ក្រុមការងារក៏បានអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន និងអំពាវនាវឱ្យយុវជនចៀសវាងដាច់ខាតពីការប្រើប្រាស់សារធាតុញៀន ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង គ្រួសារ និងសង្គម។

សកម្មភាពផ្សព្វផ្សាយនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាពចរាចរណ៍ និងការកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពនៅតាមមូលដ្ឋាន៕ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…