ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំការងារស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឌីជីថល ដែលកំពុងបង្កការគំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធជាច្រើន។
ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាពអនុវត្តយុទ្ធនាការបង្ក្រាប Online Scam នៅក្នុងភូមិសាស្ត្រខេត្ត ដោយបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងបន្តជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។
អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អាជ្ញាធរកំពុងពង្រឹងការគ្រប់គ្រងជនបរទេសនៅតាមទីតាំងកាស៊ីណូ អគារស្នាក់នៅប្រមូលផ្តុំ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន និងទីតាំងអាជីវកម្មផ្សេងៗ ព្រមទាំងបន្តស្រាវជ្រាវទីតាំងសង្ស័យពាក់ព័ន្ធសកម្មភាព Online Scam និងសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាព។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានលើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុង និងក្រៅប្រទេស កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីបោសសម្អាតបទល្មើសប្រភេទនេះឱ្យអស់ពីកម្ពុជា។
ឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសឱ្យបានម៉ត់ចត់ ដោយបែងចែកឱ្យដាច់រវាងជនបរទេសដែលមកធ្វើការស្របច្បាប់ និងក្រុមឧក្រិដ្ឋជនពាក់ព័ន្ធ Online Scam ព្រមទាំងត្រូវត្រួតពិនិត្យឯកសារស្នាក់នៅ និងការងារឱ្យបានត្រឹមត្រូវ។
ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ដល់គ្រប់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរួមសហការគ្នាជាធ្លុងមួយ ក្នុងការបង្ក្រាបបទល្មើស Online Scam ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសន្តិសុខជាតិ រក្សាកិត្តិយសប្រទេស និងជៀសវាងផលប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ ដោយ៖ សុខ ស៊ីណាន

















