ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បំភ្លឺជុំវិញព័ត៌មានលើ Facebook ពាក់ព័ន្ធជនជាតិចិនម្នាក់ អះអាងថាខ្លួនត្រូវដកហូត Passport

KPS99TV

សេចក្តីសង្ខេប

របាយការណ៍ពាក់ព័ន្ធការអះអាងរបស់គណនី Facebook មួយអំពីលិខិតឆ្លងដែន និងការកោះហៅ ហើយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានចេញសេចក្តីបំភ្លឺឆ្លើយតប។

ស្វាយរៀង៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបកស្រាយ និងបំភ្លឺជូនសាធារណជន ពាក់ព័ន្ធការផ្សព្វផ្សាយរបស់គណនី Facebook មួយ ដែលបានបង្ហោះសារអះអាងថា មានជនជាតិចិនម្នាក់ឈ្មោះ “ប៉ាសឹង” ប្រកបមុខរបរជាវិស្វករ និងគូរប្លង់សំណង់ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដកហូតលិខិតឆ្លងដែន (Passport) និងកោះហៅឱ្យចូលបំភ្លឺ ប៉ុន្តែបុគ្គលរូបនោះមិនហ៊ានចូលខ្លួន ដោយខ្លាចត្រូវឃាត់ខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលភ្ជាប់ក្នុងអត្ថបទ និងចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នគរបាលបានទទួលពាក្យបណ្តឹងពីតំណាងក្រុមហ៊ុនម្នាក់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការបង្ខាំងដោយខុសច្បាប់ និងការធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា នៅក្រុងបាវិត កាលពីថ្ងៃទី៤ ខែកុម្ភៈ។ នគរបាលបានលើកឡើងថា កម្លាំងជំនាញព្រហ្មទណ្ឌបានចុះពិនិត្យ និងប្រមូលវត្ថុតាងនៅថ្ងៃទី១២ ខែកុម្ភៈ ហើយបានវាយតម្លៃថាមានស្ថានភាពស្របនឹងការរៀបរាប់ក្នុងពាក្យបណ្តឹង។

សេចក្តីប្រកាសរបស់នគរបាលបានឱ្យដឹងថា ជនជាតិចិនពាក់ព័ន្ធត្រូវបានសមត្ថកិច្ច និងមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះហៅទៅសួរនាំ ហើយជនជាតិចិន៩នាក់បានស្ម័គ្រចិត្តប្រគល់លិខិតឆ្លងដែនជូនមន្ទីរការងារ ដើម្បីដោះស្រាយកិច្ចការពាក់ព័ន្ធ។

នគរបាលបានបន្តថា រហូតមកដល់ថ្ងៃទី២០ ខែមីនា ក្រោយទទួលព័ត៌មានថាមន្ទីរការងារបានដោះស្រាយកិច្ចការពាក់ព័ន្ធចប់ហើយ សមត្ថកិច្ចបានបន្តនីតិវិធីតាមពាក្យបណ្តឹងដើម។ តាមសេចក្តីប្រកាស មនុស្ស៨នាក់បានចូលមកឆ្លើយបំភ្លឺ ហើយនគរបាលបានប្រគល់លិខិតឆ្លងដែនជូនសាមីខ្លួនវិញ។ នៅសល់លិខិតឆ្លងដែន១ក្បាលដែលមិនទាន់បានយកត្រឡប់ ដោយម្ចាស់ពុំទាន់បានចូលមកឆ្លើយបំភ្លឺ។

ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…