ស្វាយរៀង៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់គ្រាប់រំសេវដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងដកហូតវត្ថុតាងជាច្រើន មុនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន បានសហការជាមួយកម្លាំងនគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត ចុះបង្ក្រាបនៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៥នាក់ ក្នុងនោះមានស្ត្រី១នាក់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនសរុបទម្ងន់ ៧,៧០២.០៤ក្រាម ជញ្ជីងថ្លឹងចំនួន២គ្រឿង គ្រាប់កាំភ្លើងខ្លី៤គ្រាប់ ទូរស័ព្ទដៃ៥គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ សុខ ស៊ីណាន
រូបភាពភ្ជាប់ក្នុងសេចក្តីរាយការណ៍ដើម








