តាមរបាយការណ៍ នៅព្រលប់ថ្ងៃទី៩ ខែឧសភា មានជនបរទេសជាច្រើនរត់ប្រសាចតាមផ្លូវក្នុងខេត្តព្រះសីហនុ។ របាយការណ៍បានភ្ជាប់ហេតុការណ៍នេះទៅនឹងប្រតិបត្តិការរបស់សមត្ថកិច្ចនៅកាស៊ីណូមួយ ដែលសង្ស័យថាមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជនបរទេសស្នាក់នៅខុសច្បាប់។
តាមឃ្លីបវីដេអូដែលប្រជាពលរដ្ឋថត និងចែកចាយលើបណ្តាញសង្គម របាយការណ៍បានឱ្យដឹងថា មានជនបរទេសជាច្រើនរត់ចេញពីកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពេលសមត្ថកិច្ចចូលទៅដល់ទីតាំង។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងពេលប្រតិបត្តិការ ជនបរទេសមួយចំនួនបានព្យាយាមរត់ចេញពីអគារកាស៊ីណូ ប៉ុន្តែសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍ និងឃាត់ខ្លួនជនបរទេសរាប់រយនាក់ ព្រមទាំងដកហូតសម្ភារៈមួយចំនួន។
តាមសេចក្តីប្រកាសព័ត៌មានរបស់នគរបាល ចុះថ្ងៃទី១០ ខែឧសភា ជនបរទេសប្រមាណ៤០០នាក់កំពុងបន្តនីតិវិធីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជនបរទេសរាប់រយនាក់ទៀតត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅកាស៊ីណូ ជីន យូ មេន តាំង ដើម្បីស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត។
ដោយ៖ ង៉ែត ពិសាន្ត











