ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អបអរសាទរនិងកោតសរសើរប្អូនស្រី រស់ ដា សិស្សវិទ្យាល័យ ហ៊ុន សែន ពងទឹក ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

សិស្ស រស់ ដា មកពីវិទ្យាល័យ ហ៊ុន សែន ពងទឹក ស្រុករំដួល បានជាប់លេខ១ ទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី១២ ឆ្នាំ២០២៦ ហើយទទួលថវិកាលើកទឹកចិត្ត ២លានរៀល ក្នុងពិធីថ្ងៃទី១១ ខែឧសភា តាមអត្ថបទដើម។

ថ្នាក់ដឹកនាំខេត្តស្វាយរៀងបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះប្អូនស្រី រស់ ដា សិស្សវិទ្យាល័យ ហ៊ុន សែន ពងទឹក ស្រុករំដួល ដែលទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី១២ ក្នុងការប្រឡងសិស្សពូកែឆ្នាំ២០២៦។

ក្នុងពិធីសំណេះសំណាលនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា សមិទ្ធផលនេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់ខេត្តស្វាយរៀង សាលារៀន និងគ្រួសាររបស់ប្អូនស្រី រស់ ដា ព្រមទាំងបង្ហាញពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព។

លោកអភិបាលរងខេត្តក៏បានថ្លែងកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តស្វាយរៀងឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំរៀនសូត្រ ជៀសវាងការសេពគប់មិត្តមិនល្អ បញ្ហាក្មេងទំនើង និងគ្រឿងញៀន ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្តបាននាំយកថវិកាចំនួន ២លានរៀល របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ប្រគល់ជូនប្អូនស្រី រស់ ដា ជាការលើកទឹកចិត្តចំពោះសមិទ្ធផលដ៏ល្អប្រសើរនេះផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…