សមត្ថកិច្ចជំនាញបានអំពាវនាវដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវគោរពតាមបទប្បញ្ញត្តិច្បាប់ និងស្តង់ដារបច្ចេកទេសក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូន សម្រាប់អាជីវកម្ម និងការធ្វើដំណើរ ដើម្បីជៀសវាងការផាកពិន័យ ការឃាត់យានយន្ត និងប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត បន្តរឹតបន្តឹងការត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះយានយន្តដឹកជញ្ជូនគ្រប់ប្រភេទដែលមានការកែច្នៃខុសលក្ខណៈបច្ចេកទេស។
ការអនុវត្តនេះ ធ្វើឡើងតាមការណែនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយបានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវចាត់វិធានការច្បាប់ចំពោះយានយន្តដែលកែច្នៃខុសពីឯកសារផ្លូវការ ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងបណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ត)។
ក្នុងករណីត្រួតពិនិត្យរកឃើញថា យានយន្តណាមួយមានការកែច្នៃខុសលក្ខណៈបច្ចេកទេស ឬមិនត្រឹមត្រូវតាមឯកសារផ្លូវការ សមត្ថកិច្ចនឹងធ្វើការឃាត់ទុក ដើម្បីត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ៖ ប៉ៃ សុឃីម









