កសិករចិញ្ចឹមបង្កងអូស្រ្តាលីម្នាក់នៅខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទិន្នផលបង្កងក្នុងឆ្នាំ២០២៦មានការធ្លាក់ចុះបន្តិច ខណៈការបញ្ជាទិញពីអតិថិជនក៏ថមថយជាងមុន។
លោក លី រតនៈ ម្ចាស់កសិដ្ឋានបង្កងកសិករកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នការចិញ្ចឹមបង្កងអូស្រ្តាលីនៅកសិដ្ឋានរបស់លោក មានទិន្នផលថយចុះបន្តិច ដោយសារបញ្ហាអាកាសធាតុ និងការខាតបង់ក្នុងដំណាក់កាលបង្កាត់ពូជ។ កត្តាទាំងនេះបានធ្វើឱ្យទិន្នផលបង្កងឆ្នាំនេះធ្លាក់ចុះគួរឱ្យកត់សម្គាល់។
លោកបន្ថែមថា ទីផ្សារបង្កងអូស្រ្តាលីនៅឆ្នាំ២០២៦ ក៏មិនសូវមានការបញ្ជាទិញច្រើនដូចមុនដែរ។ ដោយនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួន នៅខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ បានកាត់បន្ថយតម្រូវការ ខណៈអ្នកនិយមបរិភោគបង្កងប្រភេទនេះភាគច្រើន គឺជាជនជាតិចិន។
ទោះជាយ៉ាងណា បច្ចុប្បន្នបង្កងអូស្រ្តាលីពីកសិដ្ឋានរបស់លោក នៅតែអាចលក់បានក្នុងតម្លៃចន្លោះពី ១៦ ដុល្លារ ទៅ ១៧ ដុល្លារ ក្នុងមួយគីឡូក្រាម។
គួរបញ្ជាក់ថា លោក លី រតនៈ បានចាប់ផ្តើមអាជីពចិញ្ចឹមបង្កងអូស្រ្តាលីតាំងពីឆ្នាំ ២០១៩ មក ហើយ បច្ចុប្បន្ន កសិដ្ឋានរបស់លោកមានទីតាំងស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕
ដោយ៖ ប៉ៃ សុឃីម










