ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងវប្បធម៌កម្ពុជាបដិសេធការចុះបញ្ជីប្រាសាទ និងបុរាណស្ថានតាមព្រំដែនរបស់ថៃ

KPS99TV

សេចក្តីសង្ខេប

សេចក្តីថ្លែងការណ៍ថ្ងៃទី១៣ ខែឧសភាបានរាយឈ្មោះបណ្ដុំប្រាសាទតាមាន់ តាក្របី ខ្នារ និងទីតាំងផ្សេងទៀត ដោយបដិសេធអានុភាពនៃការចុះបញ្ជី ហើយអំពាវនាវឱ្យថៃលុបចោលការចុះបញ្ជីនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែឧសភានេះ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖
ក្រសួងបានតវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានតាមបណ្ដោយព្រំដែន ដែលក្រសួងអះអាងថាស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ថៃ។
ក្រសួងបានចាត់ទុកសកម្មភាពនេះថាខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ ហើយបានបញ្ជាក់ថា ការចុះបញ្ជីមិនអាចប្រើជាភស្តុតាងសម្រាប់អះអាងអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍កំណត់ព្រំដែនបានទេ។ តាមសេចក្តីថ្លែងការណ៍ បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនកម្ពុជា-ថៃ ត្រូវដោះស្រាយតាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធ ព្រមទាំងយន្តការទ្វេភាគី ជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000) ឯកសារ Terms of Reference ឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន (JBC)។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកការចុះបញ្ជីនេះថាជាការប៉ុនប៉ងខុសច្បាប់ ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើនេះជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ លុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាដែលនៅសេសសល់ ដោយគោរពពេញលេញតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលបានបង្កើតឡើង៕ អត្ថបទ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…