ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ប្រាក់ សុខុន សន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ

KPS99TV

សេចក្តីសង្ខេប

តាមក្រសួងការបរទេស ការសន្ទនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ផ្តោតលើទំនាក់ទំនងទ្វេភាគី និងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែន។ សេចក្តីរាយការណ៍នេះត្រូវបានផ្សព្វផ្សាយថ្ងៃទី១៣ ខែឧសភា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តឡើងវិញរបស់កម្ពុជាក្នុងការអនុវត្តបទឈប់បាញ់ពេញលេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ដោយឡែក ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែម ភាគីទាំងពីរ បានអះអាងពីការប្តេជ្ញាចិត្តសាជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…