យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងធានាដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកចំពោះការគាំទ្រដំណើរការសន្តិភាពរវាងកម្ពុជា និងថៃ។
ភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី និងអះអាងជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម រួមមានការពារជាតិ សន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍ដែលមានស្រាប់ រួមមាន បទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។






