ក្នុងឱកាសខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន៦៧គ្រួសារ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ផងដែរ។
ឯកឧត្តមក៏បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់លំនៅឋានជូនបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលកន្លងមកសាងសង់រួចរាល់ចំនួន២០ខ្នង និងកំពុងបន្តសាងសង់បន្ថែមចំនួន៣១ខ្នងទៀត។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដោយមិនទុកឱ្យរស់នៅដោយឯកោឡើយ ព្រោះបងប្អូនទាំងអស់ គឺជាអ្នកដែលបានលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីការផ្តល់ដំណាំរួមផ្សំជូនបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន រួមមាន ដើមសាវម៉ាវ ខ្នុរ ដូង ចេក មាន់ ទា និងដំណាំហូបផ្លែមួយចំនួនទៀត ដើម្បីជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។
នាឱកាសនោះ លោកឧត្តមសេនីយត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ បានរាយការណ៍ថា បច្ចុប្បន្នមានអតីតយុទ្ធជនរស់នៅអចិន្ត្រៃយ៍លើដីសម្បទានសង្គមកិច្ចចំនួន៦៥គ្រួសារ ដែលទទួលបានដី និងលំនៅឋានពីរាជរដ្ឋាភិបាល ហើយកំពុងបន្តសាងសង់ផ្ទះចំនួន៣១ខ្នងបន្ថែមទៀត។
ក្នុងនាមអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ លោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការគាំទ្រផ្សេងៗ ដូចជា ផ្លូវ ទឹក ភ្លើង ផ្ទះ សម្ភារៈ និងថវិកា ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយរបស់សម្តេច ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដោយក្នុងម្នាក់ទទួលបាន អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន១០ម៉ឺនរៀល៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត





















