ព្រះសីហនុ៖ ស្ត្រីជនសង្ស័យដែលពាក់ព័ន្ធករណីឃាតកម្មលើនារីម្នាក់ នៅតំបន់ឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ ក្រោយពេលកើតហេតុមិនដល់ប៉ុន្មានម៉ោង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចបន្ទប់ទឹកលេខ៩ តំបន់ឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យជាស្ត្រីម្នាក់ បានយកកាំបិតចុងស្រួច ដាក់ក្នុងថង់ និងរុំដោយម៉ាស់ មកជួបជនរងគ្រោះ។ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាមួយសន្ទុះ ជនសង្ស័យបានដកកាំបិតធ្វើសកម្មភាពវាយប្រហារលើជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ មុនពេលជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច កន្លងមកជនសង្ស័យ និងជនរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលប្រមាណ២ឆ្នាំមកហើយ។
ក្រោយទទួលព័ត៌មាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ និងលេខ២ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោងប្រមាណ ៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យត្រូវបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តាំង ស្រីនិច ភេទស្រី ជនជាតិខ្មែរ កើតថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៩។ ចំណែកជនសង្ស័យឈ្មោះ សុខ រស្មី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមការសួរបំភ្លឺពីមិត្តភក្តិជនរងគ្រោះ និងសាច់ញាតិជនសង្ស័យ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា ករណីនេះជាអំពើឃាតកម្មគិតទុកជាមុន៕ ដោយ៖ សុខ ស៊ីណាន







