«ក្នុងនាមជាមេដឹកនាំ ខ្ញុំជឿថា កម្ពុជា១៧លាននាក់ គ្មានពីណាលត់ជង្គង់កាត់ដីឱ្យគេទេ»។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅលើវេទិកាអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ន័យដូចបានបញ្ជាក់នេះ សម្តេចចង់បានតែការការពារទឹកដីស្របច្បាប់របស់យើងតាមវិធីសាស្រ្តមិនបង្ហូរឈាមហើយមានសន្តិភាពយូរអង្វែងប៉ុណ្ណោះ។
សម្តេចធិបតី ចង់សង្កត់ធ្ងន់ថា «ទឹកដី យើងត្រូវការពារតែយើងក៏ត្រូវការពារប្រជាជនរបស់យើងដែរ កម្ពុជាមិនមែនខ្លាចនោះទេ ប៉ុន្តែបើមានជម្រើសការពារក្រៅពីការវាយគ្នា(ធ្វើសង្គ្រាម) គឺកម្ពុជានឹងជ្រើសរើសយកវិធីសាស្រ្តចរចាតាមផ្លូវច្បាប់ភ្លាម ដើម្បីទាញមកវិញនូវសិទ្ធិស្របច្បាប់ និងដែនអធិបតេយ្យជាបន្តបន្ទាប់របស់យើង»។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបីជានៅសល់ឱកាសត្រឹមតែ ១ភាគរយ សម្រាប់បើកការចរចាដោយសន្តិវិធី ក៏កម្ពុជានៅតែសម្រេចចិត្តប្រើប្រាស់យន្តការនេះឱ្យអស់លទ្ធភាពដដែល៕
ដោយ៖ ង៉ែត ពិសាន្ត
រូបភាពនៃសុន្ទរកថាដែលភ្ជាប់មកជាមួយសេចក្តីរាយការណ៍ដើម។






