សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋមូលកម្លាំងគ្នាការពារទឹកដី និងគាំទ្រវីរកងទ័ពជួរមុខ រួមទាំងជនភៀសសឹកដែលជួបការលំបាក។ ទន្ទឹមនឹងនេះ សម្តេចធិបតីបញ្ជាក់ថា សូមកុំឱ្យការមូលកម្លាំងគ្នានេះក្លាយទៅជាភ្លើងចំប៉ើងម្តងម្កាល់ឱ្យសោះ ពោលគឺត្រូវចិញ្ចឹមស្មារតីនៃការសាមគ្គីឯកភាពគ្នា ដើម្បីពង្រឹងជាតិខ្មែរ និងពង្រឹងសមត្ថភាពការពារជាតិរបស់យើងក្នុងការធានានូវសន្តិភាពយូរអង្វែង។ ការក្រើនរំលឹករបស់សម្តេចធិបតី ធ្វើឡើងនៅក្នុងវេទិកាអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា។
ជាព័ត៌មានបរិបទ ភាគីកម្ពុជាបានចោទប្រកាន់យោធាថៃថា បានឈ្លានពាននិងចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ តាមការរាយការណ៍របស់អាជ្ញាធរកម្ពុជាអំពីការប្រយុទ្ធជុំទី២ រយៈពេល ២១ថ្ងៃ នៅចុងឆ្នាំ២០២៥ យោធាថៃបានប្រើកាំភ្លើង ដ្រូន យន្តហោះចម្បាំង និងអាវុធធុនធ្ងន់បាញ់ចេញពីនាវា ព្រមទាំងវាយលុកតាមផ្លូវគោក ដែលធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់ភៀសខ្លួន កុមាររាប់ម៉ឺននាក់រងការរំខានដល់ការសិក្សា និងកងទ័ពកម្ពុជាជាច្រើនស្លាប់និងរបួស។
ដោយ៖ ង៉ែត ពិសាន្ត










