ខេត្តព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្ម នៅតាមដែនសមុទ្រ និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះសីហនុ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តវិធានសុវត្ថិភាពបច្ចេកទេសជលយានយន្ត ពិនិត្យលក្ខណៈបច្ចេកទេស និងសម្ភារសង្គ្រោះបន្ទាន់ផ្សេងៗ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តទៅកាន់បណ្តាកោះនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ជាមួយគ្នានេះ កម្លាំងជំនាញក៏បានធ្វើការណែនាំដល់ម្ចាស់ និងអ្នកបើកបរជលយានយន្តអាជីវកម្ម ឱ្យគោរពតាមបទប្បញ្ញត្តិច្បាប់ ស្តង់ដារបច្ចេកទេស និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកដំណើរ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនទំនុកចិត្តជូនភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕ ដោយ៖ សុខ ស៊ីណាន










