ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុបជាង ២លាននាក់ ខណៈចំនួននេះមានការថយចុះប្រមាណ ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន តេជោ សៀមរាបអង្គរ និងព្រះសីហនុ ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) សរុបចំនួន ២៣,២០៤ជើង កើនឡើងប្រមាណ ២%។
ដោយឡែក ចំនួនអ្នកដំណើរចេញ-ចូល (ទ្វេទិស) មានសរុប ២,៤២៨,០០៩នាក់ ថយចុះប្រមាណ ៤% ខណៈការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៣០,៤៤៨តោន កើនឡើងដល់ ៣៦%។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បន្ថែមថា គិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្រុមហ៊ុន កំពុងប្រតិបត្តិការហោះហើរចេញ-ចូលនៅកម្ពុជា ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ២៩។
ជើងហោះហើរប្រចាំសប្តាហ៍ (ទ្វេទិស) ត្រូវបានកត់ត្រាថា៖
អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ៧០៨ជើង/សប្តាហ៍
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖ ២២៤ជើង/សប្តាហ៍
អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ៖ ៥០ជើង/សប្តាហ៍
អាកាសយានដ្ឋានតារាសាគរ៖ ៤ជើង/សប្តាហ៍
ជាមួយគ្នានេះ ឯកឧត្តមក៏បានកត់សម្គាល់ថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ Lao Airlines (QV) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈជើងហោះហើររវាង បាងកក-ភ្នំពេញ-បាងកក ក៏មានការថមថយមួយចំនួនផងដែរ៕ ដោយ៖ ប៉ៃ សុឃីម









