លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីតាំងបង្ហាញ និងបើកបរសាកល្បងរថយន្តពាណិជ្ជកម្មរុស្ស៊ី GAZ» ដែលរៀបចំឡើងនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។
ពិធីនេះមានការចូលរួមពី ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី ក្រុមហ៊ុន GAZ Business Solutions និងភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ ដោយចាត់ទុកថា ជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ការចាប់ដៃគូអាជីវកម្ម និងការពង្រីកវត្តមានរថយន្តពាណិជ្ជកម្មរុស្ស៊ីម៉ាក GAZ នៅក្នុងទីផ្សារកម្ពុជា ខណៈតម្រូវការរថយន្តពាណិជ្ជកម្មនៅកម្ពុជាកំពុងមានការកើនឡើងជាបន្តបន្ទាប់។
លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កម្មវិធីនេះជាការចូលរួមអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ហើយបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមិត្តភាពរវាងប្រទេសទាំងពីរ។
ជាចុងក្រោយ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរុស្ស៊ី ជាពិសេសក្រុមហ៊ុន GAZ Business Solutions បន្តពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា ព្រមទាំងពង្រឹងសេវាកម្មក្រោយការលក់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម























