តាមសេចក្តីរាយការណ៍របស់សារព័ត៌មានកម្ពុជាថ្មីចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅអគារ A និងអគារ B នៃមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា តាមមហាវិថីព្រះនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
សេចក្តីរាយការណ៍ដដែលបានឱ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំអនុវត្តផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងមានការសម្របសម្រួលផ្លូវច្បាប់ពី លោក សេង ហៀង ព្រះរាជអាជ្ញារង ដើម្បីត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសបង្ខាំងមនុស្សខុសច្បាប់ និងឆបោកអនឡាញ។
តាមសេចក្តីរាយការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៤នាក់ ក្នុងនោះមានស្រី ៧នាក់ មកពី ៦សញ្ជាតិ។ ក្នុងចំណោមនេះ មានជនបរទេស ៨៣នាក់ (ស្រី ៥នាក់) សង្ស័យពាក់ព័ន្ធបទល្មើសឆបោកអនឡាញ រួមមាន ជនជាតិចិន ៨២នាក់ (ស្រី ៤នាក់) និងជនជាតិវៀតណាម ១នាក់ (ស្រី)។ ដោយឡែក ជនបរទេស ២១នាក់ផ្សេងទៀត (ស្រី ២នាក់) មកពី ៥សញ្ជាតិ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការស្នាក់នៅខុសច្បាប់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតសម្ភារៈវត្ថុតាងមួយចំនួនធំ រួមមាន កុំព្យូទ័រលើតុ (All In One) ៧៧គ្រឿង, កុំព្យូទ័រយួរដៃ ៣៦គ្រឿង, iPad ៥គ្រឿង, ម៉ូនីទ័រ ៤គ្រឿង, ទូរស័ព្ទដៃ ៨០០គ្រឿង និងធុង CPU ៦គ្រឿង។ បច្ចុប្បន្ន ជនបរទេសទាំង ១០៤នាក់ រួមទាំងសម្ភារៈវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ ប៉ៃ សុឃីម














