យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន DAP ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងសង្ស័យលួចលក់បារីអេឡិចត្រូនិកមួយកន្លែង នៅខណ្ឌសែនសុខ ដោយដកហូតបានបារីអេឡិចត្រូនិកចំនួន ២,៦០០ ប្រអប់ និងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌសែនសុខ។ ទីតាំងដែលត្រូវបង្ក្រាប ស្ថិតនៅចំណុចឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងបារីអេឡិចត្រូនិកម៉ាក FISCO ចំនួន ១៣ កេស ស្មើនឹង ២,៦០០ ប្រអប់ និងឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ XIE SU LONG ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន ដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។
តាមសេចក្តីរាយការណ៍ដដែល អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជាក់ថា ការនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់គ្រប់ប្រភេទ រួមទាំងស៊ីស្សា ត្រូវបានហាមឃាត់ដាច់ខាត។
សេចក្តីរាយការណ៍នោះក៏បានដកស្រង់ការអំពាវនាវរបស់អាវុធហត្ថរាជធានីភ្នំពេញ ឱ្យមហាជនសហការផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬតាមបណ្តាញ Telegram, WhatsApp និង CoolApp លេខ ០៣១ ៥៥៥៥ ៦៦៩ ឬតាមផេកហ្វេសប៊ុកឈ្មោះ Phnom Penh Gendarmerie គ្រប់ពេលវេលា៕ ដោយ៖ ប៉ៃ សុឃីម









