ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងមន្ត្រីស្ថានទូតកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធីដង្ហែគោមព្រះពុទ្ធសាសនា «Lantern Parade/Lotus Lantern Festival 2026» ដែលរៀបចំដោយគណៈកម្មាធិការអភិរក្សគោមឈូកសាធារណរដ្ឋកូរ៉េ ក្រោមការឧបត្ថម្ភពីសាលាក្រុងសេអ៊ូល និងគណៈកម្មាធិការវត្តព្រះពុទ្ធសាសនាកូរ៉េឆូកេសា។
ក្បួនដង្ហែរបស់កម្ពុជា ត្រូវបានដឹកនាំរៀបចំដោយព្រះតេជគុណ រិន សារ៉ូ ចៅអធិការវត្តខ្មែរហ្វាសង់ រួមជាមួយបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ដោយរៀបចំក្បួនដង្ហែក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងអមដោយទម្រង់ប្រពៃណីខ្មែរ។
ក្រៅពីការបង្ហាញគោមផ្ការំដួលតាមលក្ខណៈព្រះពុទ្ធសាសនាខ្មែរ ក្បួនដង្ហែកម្ពុជាក៏បានបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ រួមមាន សម្លៀកបំពាក់ព្រះមហាក្សត្រ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ របាំល្ខោនខោល ល្ខោនបាសាក់ និងល្ខោនស្បែក ដែលទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីអ្នកចូលរួមទស្សនា អំពីអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា។
កម្មវិធីនេះមានការចូលរួមទស្សនាពីប្រជាពលរដ្ឋកូរ៉េ និងភ្ញៀវទេសចរបរទេសជាច្រើន នៅតាមបណ្តោយមហាវិថីសំខាន់ៗកណ្ដាលទីក្រុងសេអ៊ូល សរុបប្រមាណជាង ៥០ម៉ឺននាក់៕ ដោយ៖ ប៉ៃ សុឃីម

















