យោងតាមព័ត៌មានដែលក្រសួងមហាផ្ទៃបានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ដោយដាក់ប្រភពថា រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំជនបរទេសមួយកន្លែង នៅស្រុកសាលាក្រៅ។ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ៧នាក់ នៅទីតាំងដែលសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ព័ត៌មាននេះបញ្ជាក់ថា សមត្ថកិច្ចបានដកហូតកុំព្យូទ័រ All-in-One ១៨គ្រឿង ទូរស័ព្ទដៃ ១៤៧គ្រឿង និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត។
ព័ត៌មានដដែលបញ្ជាក់ថា កន្លងមក ទីតាំងនេះត្រូវបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតតាមខ្សែកាបអុបទិក ប៉ុន្តែជនសង្ស័យបានប្រើប្រាស់ស៊ីមកាតដើម្បីភ្ជាប់អ៊ីនធឺណិតជំនួសវិញ។
តាមព័ត៌មាននេះ ការចុះត្រួតពិនិត្យធ្វើឡើងដើម្បីអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រតិបត្តិការនេះមានគោលបំណងពង្រឹងការគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត និងទប់ស្កាត់ ព្រមទាំងបង្ក្រាបសកម្មភាពជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

រូបភាពអមព័ត៌មានអំពីការចុះត្រួតពិនិត្យនៅខេត្តប៉ៃលិន ដែលក្រសួងមហាផ្ទៃបានផ្សព្វផ្សាយបន្ត។






