ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ កោះកុង នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេល៦ឆ្នាំ។ ស្តូបនេះត្រូវបានកសាងឡើង ដើម្បីរំលឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការបង្រួបបង្រួមជាតិ និងបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ព្រមទាំងឧទ្ទិសដល់វីរភាពបុព្វបុរសដែលបានលះបង់ជីវិត ដើម្បីការពារបូរណភាពទឹកដី និងជាតិមាតុភូមិ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ-ឈ្នះ កោះកុង បានឱ្យដឹងថា ពិធីសម្ពោធនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងមហាជនសរុបប្រមាណ ៦,៣០០នាក់។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ កោះកុង មានទីតាំងស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង លើផ្ទៃដីទំហំ ២១៦ហិកតា។ សំណង់នេះមានកម្ពស់ ៤៧ម៉ែត្រ និងទទឹង ៦៦ម៉ែត្រ មានរចនាបថស្ថាបត្យកម្មលេចធ្លោ ដោយបំពាក់រូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣ នៅជុំវិញស្តូប។
នាយឧត្តមសេនីយ៍ ប៊ុន លើត បានបញ្ជាក់ថា ថវិកាសាងសង់ស្តូបនេះ គឺទទួលបានពីការចូលរួមរបស់សប្បុរសជននានា ដោយមិនបានប្រើប្រាស់ថវិការដ្ឋឡើយ។
ក្នុងពិធីសម្ពោធនេះ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍ជាច្រើន រួមមាន ការប្រកួតកីឡា ការតាំងពិព័រណ៍សមិទ្ធផល ការបាញ់កាំជ្រួច ការបង្ហាញអំពីដំណើរការ និងជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ សមិទ្ធផលរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងរយៈពេល២៨ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៦ ព្រមទាំងការតាំងបង្ហាញផលិតផល និងម្ហូបអាហារខ្មែរផងដែរ។
ដោយឡែក នៅរាត្រីថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០២៦ នឹងមានការរៀបចំពិធីអបអរសាទរយ៉ាងអធិកអធម ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
នាយឧត្តមសេនីយ៍ ប៊ុន លើត បានបន្ថែមថា ការសាងសង់ស្តូបឈ្នះ-ឈ្នះ កោះកុង មានគោលបំណងផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះ-ឈ្នះ ឱ្យប្រជាពលរដ្ឋខ្មែរយល់ដឹងកាន់តែច្បាស់ តាមរយៈសិល្បៈ ស្ថាបត្យកម្ម និងចម្លាក់ផ្សេងៗ ដែលបង្ហាញពីតម្លៃសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលកម្ពុជាទទួលបានក្រោយការបញ្ចប់សង្គ្រាម៕ ដោយ៖ ប៉ៃ សុឃីម



















