បវរកញ្ញាកម្ពុជា កញ្ញា កុយ អេនណា បន្តបេសកកម្មផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ ដោយលើកនេះ កញ្ញាបានបង្ហាញខ្លួនជាមួយឈុតស្បៃខ្មែរ នៅទីក្រុងបារីស ប្រទេសបារាំង នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦។
តាមរយៈវីដេអូខ្លីមួយដែលកញ្ញាបានបង្ហោះភ្ជាប់ជាមួយសំណេរថា «Just me and my beautiful sabai khmer in Paris» មានន័យថា «ខ្ញុំ និងស្បៃខ្មែរដ៏ស្រស់ស្អាតនៅទីក្រុងបារីស» កញ្ញា កុយ អេនណា បានបង្ហាញពីមោទនភាពចំពោះវប្បធម៌ជាតិ និងបន្តផ្សព្វផ្សាយសម្រស់ស្បៃខ្មែរ ទៅកាន់ពិភពលោក។
ក្រោយពីបានផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅតំបន់ Times Square នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ ពេលនេះ បវរកញ្ញាកម្ពុជារូបនេះ បានបន្តបេសកកម្មរបស់ខ្លួននៅលើទឹកដីប្រទេសបារាំង។ នៅក្នុងវីដេអូខ្លីមិនដល់មួយនាទី កញ្ញាបាននិយាយស្វាគមន៍ទស្សនិកជនជាភាសាបារាំង និងបញ្ជាក់ថា នេះគឺជាដំណើរនៃការនាំយកអត្តសញ្ញាណវប្បធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ។ កញ្ញាក៏បានសួរទៅកាន់អ្នកគាំទ្រផងដែរថា តើចង់ឃើញកញ្ញាគ្រងស្បៃខ្មែរ នៅប្រទេសណាបន្ទាប់ទៀត។
ការបង្ហាញឈុតស្បៃខ្មែរ ជាមួយផ្ទៃខាងក្រោយនៃប៉ម Eiffel ដែលជានិមិត្តរូបដ៏ល្បីល្បាញរបស់ទីក្រុងបារីស ត្រូវបានមហាជនចាត់ទុកថា ជាបេសកកម្មដ៏មានអត្ថន័យ ក្នុងការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។
គួររំលឹកថា កាលពីខែមេសាកន្លងទៅ កញ្ញា កុយ អេនណា ក៏ធ្លាប់ធ្វើឱ្យអ្នកគាំទ្រខ្មែររំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីកញ្ញាបានគ្រងឈុតស្បៃខ្មែរ ដើរបង្ហាញនៅតំបន់ Times Square នៃទីក្រុង New York City ដែលជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍ដ៏មមាញឹកល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក។ បេសកកម្មនោះ ត្រូវបានគេចាត់ទុកថា ជាជំហានសំខាន់ក្នុងការនាំយកវប្បធម៌ខ្មែរ ទៅបង្ហាញជូនពិភពលោក។
សកម្មភាពទាំងនេះ មិនត្រឹមតែបង្ហាញពីសម្រស់ និងភាពប្រណិតនៃស្បៃខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ថា វប្បធម៌ខ្មែរ មានអត្តសញ្ញាណច្បាស់លាស់ ប្រវត្តិសាស្ត្រយូរអង្វែង និងជាមរតកដ៏មានតម្លៃ ដែលកូនខ្មែរគ្រប់រូបគួរចូលរួមថែរក្សា និងលើកតម្កើងឱ្យកាន់តែរីកសុះសាយទៅកាន់ពិភពលោកផងដែរ៕ ដោយ៖ ប៉ៃ សុឃីម









