ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយសរុបជាង១០ម៉ឺនដុល្លារពីសប្បុរសជននិងមន្ទីរ-អង្គភាព

KPS99TV

សេចក្តីសង្ខេប

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយជុំទី២ នៅថ្ងៃទី១៨ ខែឧសភា ពីសប្បុរសជន និងមន្ទីរ-អង្គភាពចំនួន៧៤ ដោយទទួលបានប្រាក់ជាង១០០លានរៀល និង៧៦,៣៧៧ដុល្លារអាមេរិក។

នៅថ្ងៃទី១៨ ខែឧសភានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានទទួលអំណោយសរុបជាង ១០ម៉ឺនដុល្លារអាមេរិកពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរួមទាំងអាជីវករ ពាណិជ្ជករ និងមន្ទីរ-អង្គភាពសរុបចំនួន៧៤នាក់។ ពិធីប្រគល់និងទទួលបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

បើតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត បង្ហាញថា ជុំទី២នៃការទទួលអំណោយសប្បុរសធម៌ពីសប្បុរសជននាពេលនេះបានថវិការសរុបជាង១០ម៉ឺនដុល្លារ ក្នុងនោះថវិការគិតជាលុយខ្មែរមានចំនួនជាង ១០០លានរៀល និងប្រាក់ដុល្លារស្មើនឹង ៧៦,៣៧៧ដុល្លារអាមេរិក។ ចំណែក កាលពីជុំទី១ នាថ្ងៃទី០៦ ខែឧសភា ទទួលបានថវិការសរុបជិត ៤២ម៉ឺនដុល្លារអាមេរិក និងទឹកបរិសុទ្ធ៨០០យួរ។

ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជន និងមន្ទីរ-អង្គភាពទាំងអស់ដែលបានចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុជារៀងរាល់ឆ្នាំ។ សាខាកាកបាទក្រហមកម្ពុជាខេត្ត សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមជាថវិកា, ស្បៀងអាហារនិងសម្ភារៈនានាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឱ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះ។

ឯកឧត្តម ម៉ាង ស៊ីណេត បានប្តេជ្ញាថានឹងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈរបស់សប្បុរសជនទាំងអស់ទៅប្រគល់ជូនគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ អតីតយុទ្ធជនក្រីក្រ និងមានពិការរភាពតាមតម្រូវការចាំបាច់ឱ្យចំគោលដៅ និងច្បាស់លាស់ ជាពិសេសជួយគាំទ្រដល់វិរៈកងទ័ពនៅសមភូមិមុខ ក៏ដូចជាជនភៀសសឹកជាដើម។ ដោយឡែក កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានប្រើប្រាស់ថវិការបស់សប្បុរសជនបម្រើដល់ការងារមនុស្សធម៌នានាដូចជា ជួយគាំទ្រដល់វិរៈកងទ័ពនៅសមភូមិមុខ ជនភៀសសឹក និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន និងការងារសប្បុរសធម៌ជាច្រើនទៀត៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…