ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្កោលទោសនិងថាស្រាវជ្រាវចាប់ក្រុមបុគ្គលអគតិព្រួតវាយសត្វប្រើសញីមានផ្ទៃពោះ១ក្បាលស្លាប់ក្នុងចម្ការដំឡូងមី

KPS99TV

សេចក្តីសង្ខេប

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានថ្កោលទោសការវាយប្រហារលើសត្វប្រើសញីមានផ្ទៃពោះទម្ងន់១១០គីឡូក្រាម និងថា អាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ក្រោយសត្វនេះងាប់ក្នុងចម្ការដំឡូងមី។

សត្វប្រើសញីមានផ្ទៃពោះ១ក្បាល ទម្ងន់១១០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ហើយត្រូវបុគ្គលអគតិមួយចំនួនព្រួតដៃគ្នាវាយ និងបង្អៅឆ្កែដេញខាំ បណ្តាលឱ្យសត្វប្រើសដែលកំពុងពពោះនេះរត់បុករបងលួសមុតសាច់រហូតដល់ស្លាប់យ៉ាងព្រៃផ្សៃក្នុងចម្ការដំឡូងមី។ ក្រោយទទួលបានព័ត៌មាននេះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែឧសភា បានចេញថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ក្រុមបុគ្គលអគតិខាងលើ និងអះអាងថា ស្រាវជ្រាវក្រុមបុគ្គលអគតិទាំងនេះយកមកដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ខណៈបច្ចុប្បន្ននេះ អាជ្ញាធរកំពុងបើកស្រាវជ្រាវហើយ។

មិនត្រឹមថ្កោលទោសតែមួយមុខនោះទេ ប៉ុន្តែមន្ទីរបរិស្ថានខេត្ត បានចាត់ទុកសកម្មភាពអមនុស្សធម៌នេះ ជាការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ និងសត្វព្រៃ សត្វប្រើស ស្ថិតនៅជាប្រភេទសត្វងាយរងគ្រោះ ក្នុងបញ្ជី IUCN Red List ហើយវាជាអំពើខុសច្បាប់ក្នុងក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។

យ៉ាងណា មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងអាជ្ញាធរមូលដ្ឋាន បាននិមន្តព្រះសង្ឃដើម្បីធ្វើកិច្ចបង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និងកូនក្នុងផ្ទៃដែលបានស្លាប់ដ៏កម្សត់នោះ នៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ទៀតផង។ អាជ្ញាធរអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីប្រទះឃើញមានសត្វព្រៃវង្វេងចូលក្នុងភូមិឋានសូមមេត្តាចូលរួមការពារ ថែរក្សា និងរាយការណ៍ជាបន្ទាន់មកមន្ត្រីបរិស្ថាន ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសង្គ្រោះពួកវាឱ្យបានទាន់ពេលវេលា ជៀសវាងការបង្ករបួសស្នាម ឬសម្លាប់សត្វព្រៃដោយអចេតនានិងចេតនា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…