ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន២បន្ថែមទៀត នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៦នៅអគាក្រុមប្រឹក្សាខេត្ត។
ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារ និងម្ចាស់រោងចក្រ ឱ្យអនុវត្តតាមច្បាប់ស្តីពីការបង្កើតសួនឧស្សាហកម្ម និងបទប្បញ្ញត្តិនានារបស់ព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការរៀបចំបរិស្ថាន ដូចជា ការដាំដើមឈើ និងស្មៅបៃតង ការតភ្ជាប់បណ្តាញអគ្គិសនី និងអ៊ីនធឺណេត ព្រមទាំងការរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងផលប៉ះពាល់ដល់បរិស្ថាន ព្រែក សមុទ្រ និងសហគមន៍មូលដ្ឋាន។
រោងចក្រទាំង២ដែលត្រូវបានអនុម័តរួមមាន៖
១. ក្រុមហ៊ុន BEST CHOICE TOOLS CO., LTD. មានទីតាំងនៅអគារលេខ២ និងលេខ៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ គម្រោងនេះផ្តោតលើការផលិតសម្ភារៈ និងឧបករណ៍សំណង់ធ្វើពីដែក ដូចជា ប៉ែល ចបជីក ចបកាប់ ផ្លែរនាស់ និងដង្កៀប។
មានទុនចុះបញ្ជី៖ ៤លានដុល្លារអាមេរិក ក្នុងទុនវិនិយោគ ជាង ២,៧លានដុល្លារអាមេរិក លើផ្ទៃអគារ៖ ១០,០០០ម៉ែត្រការ៉េ ដែលមានទីផ្សារ នាំចេញទៅសហរដ្ឋអាមេរិក និងលក់ក្នុងស្រុក ដែលតម្រូវការកម្លាំងពលកម្មដំបូង ១៣៤នាក់ ។
២. ក្រុមហ៊ុន SOARING COMFORT TOOLS CO., LTD. មានទីតាំងនៅអគារលេខ១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
រោងចក្រនេះផលិតសម្ភារៈប្រើប្រាស់ធ្វើពីប្លាស្ទិក (ដងប៉ែល ដងចបកាប់ និងដងរនាស់) ទុនចុះបញ្ជី៖ ២លានដុល្លារអាមេរិក និងទុនវិនិយោគ ជាង ៣,៣ លានដុល្លារអាមេរិក លើផ្ទៃអគារ ៣,០០០ម៉ែត្រការ៉េ មានទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក និងលក់ក្នុងស្រុក ។
ចំពោះក្រុមហ៊ុនទាំងពីរ បានស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) និងទទួលបានគោលការណ៍លើកទឹកចិត្តពីក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយទទួលបានការលើកលែងថ្លៃសេវាសាធារណៈលើការចុះបញ្ជីគម្រោងវិនិយោគ។
ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា គម្រោងទាំងពីនេះមានសក្តានុពលផ្នែកសេដ្ឋកិច្ច ស្របតាមផែនការអភិវឌ្ឍខេត្តព្រះសីហនុ និងអាចចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារបន្ថែមផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត























