ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេច ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដើម្បីសុំសេចក្តីសុខ សន្តិភាព ដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ

KPS99TV

សេចក្តីសង្ខេប

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេច ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះវិស្ណុគង់លើគ្រុឌនៅសៀមរាប និងបួងសួងសុំសន្តិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។

តាមសេចក្តីរាយការណ៍របស់ Siem Reap Post នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំ ដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ។ ពិធីនេះ បានប្រព្រឹត្តទៅនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
ក្នុងពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើន រួមមាន លោកជំទាវ ហ៊ុន ស៊ីណាត, ឯកឧត្តម ប្រាក់ សោភណ្ឌ និងលោកជំទាវ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។
គួររំលឹកថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបួងសួង និងដង្ហែ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ពីខេត្តឧត្តរមានជ័យ មកកាន់ទីតាំងដើមវិញ។ រូបសំណាកនេះ ត្រូវបានចាត់ទុកថាជានិមិត្តរូបនៃសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំសម្រាប់ប្រទេស និងប្រជាជនខ្មែរ។
តាមឯកសារប្រវត្តិសាស្ត្រ និងទេវកថាព្រហ្មញ្ញសាសនា «ព្រះនារាយណ៍គង់លើគ្រុឌ» ជានិមិត្តរូបនៃអំណាច ការការពារ និងភាពសុខដុមរមនា។ ក្នុងសិល្បៈខ្មែរ រូបចម្លាក់បែបនេះ តែងមានវត្តមាននៅតាមប្រាសាទបុរាណធំៗ ដូចជា ប្រាសាទអង្គរវត្ត, ប្រាសាទបន្ទាយស្រី និង ប្រាសាទព្រះខ័ន។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រី សម្តេចម៉ែ មុនីនាថសីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងភាពរុងរឿង។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងសុំឱ្យប្រទេសកម្ពុជា ជៀសផុតពីគ្រោះមហន្តរាយ និងជំងឺឧបទ្រពផ្សេងៗ មានសេដ្ឋកិច្ចរីកចម្រើន វិស័យទេសចរណ៍រីកលូតលាស់ និងសូមឱ្យកងកម្លាំងប្រដាប់អាវុធជួរមុខ ទទួលបានសុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មការពារជាតិ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…