ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក ឡុង ឌីម៉ង់ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យសម្របសម្រួលនីតិវិធី ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក ឡុង ឌីម៉ង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងរោងចក្រផលិតបំពង់ដែករបស់ក្រុមហ៊ុន Jindele Technology Pipe Industry Co., LTD នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ និងណែនាំឱ្យសម្របសម្រួលនីតិវិធី សេវាបុគ្គលិក និងសុវត្ថិភាពរោងចក្រ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែកគ្រប់ប្រភេទ របស់ក្រុមហ៊ុន Jindele Technology Pipe Industry Co., LTD ដែលមានទីតាំងស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

រោងចក្រនេះ ផលិតបំពង់ទីបដែកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន។ តាមការបញ្ជាក់ពីក្រុមហ៊ុន នៅពេលដំណើរការពេញសមត្ថភាព រោងចក្រនឹងត្រូវការកម្លាំងពលកម្មប្រមាណ ១០០នាក់។
ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត លោក ឡុង ឌីម៉ង់ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យបន្តសម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យក្រុមហ៊ុន៖ ជួយទាក់ទាញអ្នកវិនិយោគផ្សេងៗ ឱ្យមកបណ្តាក់ទុននៅខេត្តព្រះសីហនុបន្ថែមទៀត -ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ជាប់សេវា ប.ស.សជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ- រៀបចំអគាររោងចក្រឱ្យមានខ្យល់ចេញចូលល្អ មានច្រកសុវត្ថិភាព បំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើបន្ថែម ដើម្បីបង្កើនផាសុកភាពដល់បុគ្គលិក និងកម្មករដែលបំរើនៅក្នុងរោងចក្រ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…