អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហើបប្រាប់អង្គប្រជុំពាក់ព័ន្ធវឌ្ឍនភាពការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬ Online Scams នាព្រឹកថ្ងៃទី២០ ខែឧសភានេះថា ខេត្តព្រះសីហនុគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិ ពាក់ព័ន្ធនឹងការបង្ក្រាប Scams នៅអំឡុងខែសីហា ឆ្នាំ២០២៦ខាងមុខ ដោយមានការចូលរួមចំនួនប្រមាណ ១០ប្រទេស។
ដូច្នេះដើម្បីការរៀបចំសន្និសីទសារព័ត៌មានលំដាប់អន្តរជាតិនេះប្រព្រឹត្តិទៅបានដោយរលូន ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចព្រួតដៃគ្នាជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តអនុក្រឹតលេខ០៣ឱ្យបានម៉ឺងម៉ាត់ និងតាមបង្ក្រាបកុំសំចៃដៃទៅលើក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមរបាយការណ៍ដែលលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានបង្ហាញក្នុងកិច្ចប្រជុំ និងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ការត្រួតពិនិត្យចាប់ពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានគ្របដណ្តប់ទីតាំងកាស៊ីណូ ៩៤ទីតាំង ស្មើនឹង ៣១៨អគារ។ ទីតាំង ៥៨ ស្មើនឹង ២២៣អគារ ត្រូវបានបិទសៀល និងផ្តាច់ប្រព័ន្ធទឹក ភ្លើង និងអ៊ីនធឺណិត។ ក្នុងនោះ ទីតាំង ១៦ ត្រូវបានរកឃើញថាមានពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានមនុស្សសរុប ២០៧៤នាក់ ក្នុងនោះស្រី ២១៧នាក់ មកពី ១៩សញ្ជាតិ។ ចំនួនទីតាំងដែលត្រូវបានបិទសៀល មិនមានន័យថាទាំងអស់សុទ្ធតែត្រូវបានរកឃើញពាក់ព័ន្ធបទល្មើសនោះទេ។
ក្រៅពីនេះ បើតាមលោក មីន កុម្ភៈ ទីតាំងប្រមូលផ្តុំចំនួន ១០២៣ទីតាំង ក៏ត្រូវបានអាជ្ញាធរត្រួតពិនិត្យផងដែរ ក្នុងនោះរកឃើញ ៧៨ទីតាំងមានជាប់ពាក់ព័ន្ធបទល្មើស។ ទាំង៧៨ទីតាំងនេះ មាន ៤៨ទីតាំងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង៣០ទីតាំងទៀតរកឃើញជនបរទេសស្នាក់នៅខុសច្បាប់ ក្នុងនោះ ក៏បានឃាត់ខ្លួនមនុស្សចំនួន ១២២៦នាក់ (ស្រី១៦៦នាក់) ស្មើនឹង ២០សញ្ជាតិ និងម្ចាស់ទីតាំងត្រូវបានរងការពិន័យជាប្រាក់។ លោកអភិបាលរងខេត្ត បញ្ជាក់ថា លទ្ធផលសរុប កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាំងកុំព្យូទ័រ ទូរសព្ទ ស៊ីមកាត និងគ្រឿងញៀនជាច្រើន ព្រមទាំងរកឃើញមនុស្សចំនួន ៣៣០០នាក់ (ស្រី ៣៨៣នាក់) ស្មើនឹង ២៥សញ្ជាតិ។
យោងតាមសេចក្តីរាយការណ៍ដើម កាលពីថ្ងៃទី១០ ខែឧសភា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានថា កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះបង្រ្កាបកាស៊ីណូមួយកន្លែងឈ្មោះ ជីន យូ មេន តាំង ស្ថិតក្នុងក្រុងព្រះសីហនុ ក្រោយទទួលបានព័ត៌មានថា ទីតាំងនោះមានលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ និងមានជនបរទេសស្នាក់នៅដោយខុសច្បាប់ជាច្រើនរយនាក់។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ មានជនបរទេសជាច្រើនបានរត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចគ្រប់គ្រងសភាពការណ៍បានដោយសុវត្ថិភាព និងក្រសោបបានជនបរទេសជាច្រើនរយនាក់ រួមទាំងសម្ភារមួយចំនួនទៀត។
សម្រាប់លទ្ធផលនៅទូទាំងប្រទេស យោងតាម AKP ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អាជ្ញាធរបានបង្ក្រាបករណីឆបោកតាមអនឡាញជាង ២៥០ករណី និងបិទទីតាំងកាស៊ីណូ ៩១ទីតាំង ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦។ ដោយឡែក ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធការឆបោកតាមអនឡាញ ១៣០៣៩នាក់ ចេញពីប្រទេស។ ចំណែកមនុស្ស ២៤១៨៨៨នាក់ បានចាកចេញពីកម្ពុជាដោយស្ម័គ្រចិត្ត ចាប់ពីពាក់កណ្តាលខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ តួលេខនៃការចាកចេញដោយស្ម័គ្រចិត្ត និងការបណ្តេញចេញ មានរយៈពេលស្ថិតិខុសគ្នា ហើយមិនត្រូវចាត់ទុកអ្នកចាកចេញដោយស្ម័គ្រចិត្តទាំងអស់ថាជាអ្នកប្រព្រឹត្តបទល្មើសនោះទេ។
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា
























