ស្ទឹងត្រែង៖ ក្រុមហ៊ុនកសិកម្ម «ហ័ងអាញ់វៀតណាម» ដែលមានទីតាំងនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង គ្រោងនឹងបើករោងចក្រកែច្នៃសរសៃសូត្រធម្មជាតិ នៅក្នុងខេត្តស្ទឹងត្រែង នាពេលខាងមុខ។ ការគ្រោងវិនិយោគនេះ ធ្វើឡើងបន្ទាប់ពីមានសំណើពី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។
នេះបើតាមការឲ្យដឹងពីលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា ភាគីក្រុមហ៊ុនបានសន្យាឆ្លើយតបតាមសំណើរបស់អភិបាលខេត្ត ដោយគ្រោងបង្កើតរោងចក្រកែច្នៃសរសៃសូត្រធម្មជាតិមួយនៅលើទឹកដីខេត្តស្ទឹងត្រែង។
លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលដាំដុះវត្ថុធាតុដើម ដោយដាំដើមមនសម្រាប់យកស្លឹកធ្វើជាចំណីដង្កូវនាង ក្នុងការផលិតសូត្រធម្មជាតិ។ ចំពោះផលិតផលសូត្រដែលប្រមូលបាន បច្ចុប្បន្នត្រូវដឹកជញ្ជូនទៅកាន់រោងចក្រកែច្នៃរបស់ក្រុមហ៊ុន នៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដើម្បីផលិតជាសរសៃសូត្រសម្រេច មុននាំចេញទៅកាន់ទីផ្សារធំ គឺប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីស្វែងរកទីផ្សារ និងទាក់ទាញអ្នកវិនិយោគ មកវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅក្នុងខេត្តស្ទឹងត្រែង៕ ដោយ៖ ប៉ៃ សុឃីម

















