គ្រួសារមួយដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលអំណោយសង្គ្រោះបន្ទាន់ជាសម្ភារៈប្រើប្រាស់ពី ឯកឧត្តម ផារ៉ា មង្គល នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជួយសម្រាលការលំបាក និងឆ្លើយតបទាន់ពេលវេលាចំពោះស្ថានភាពអាសន្នរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ផារ៉ា មង្គល បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះអគ្គិភ័យដែលបានបង្កការខូចខាតដល់គ្រួសាររងគ្រោះ។ ឯកឧត្តមបានលើកឡើងថា ទោះបីអំណោយទាំងនេះមិនអាចជំនួសការបាត់បង់បានទាំងស្រុងក៏ដោយ ប៉ុន្តែវាជាការបង្ហាញពីស្មារតីរួមសុខរួមទុក្ខ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងគ្រាលំបាក។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌របស់គ្រួសារវីរយុទ្ធជន លោក ឆៃ រ័ត្ន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិកាលពីពេលថ្មីៗនេះ។ ទោះបីកំពុងស្ថិតក្នុងទុក្ខសោកផ្ទាល់ខ្លួន ក៏គ្រួសារលោកនៅតែបានចូលរួមឧបត្ថម្ភអង្ករចំនួន១បាវ ជូនដល់គ្រួសាររងគ្រោះ ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងពីវប្បធម៌ «ខ្មែរជួយខ្មែរ» យ៉ាងប្រសើរ។
ឯកឧត្តម ផារ៉ា មង្គល ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងជូនពរដល់គ្រួសាររងគ្រោះឱ្យមានកម្លាំងចិត្តរឹងមាំ និងអាចស្តារជីវភាពរស់នៅឡើងវិញបានក្នុងពេលឆាប់ៗខាងមុខ៕
ដោយ៖ ប៉ៃ សុឃីម
















