តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក កែវ ឈា បានរាយការណ៍អំពីផលប៉ះពាល់លើជនស៊ីវិលនៅកម្ពុជា ពីសកម្មភាពយោធាថៃដែលលោកចាត់ទុកថាជាការឈ្លានពាន។
តាមសេចក្តីរាយការណ៍ ក្នុងសេចក្តីថ្លែងការណ៍នៅកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅញូយ៉ក លោក កែវ ឈា បានលើកឡើងថា ជម្លោះពីរលើកក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ លោកបានរាយការណ៍ថា ជនស៊ីវិលកម្ពុជាប្រមាណ៦៤៩០០០នាក់បានភៀសខ្លួន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញ និងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រងការខូចខាតធ្ងន់ធ្ងរ។
លោកបានចាត់ទុកសកម្មភាពទាំងនោះថាជាការរំលោភធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងលើកឡើងថា ការរំលោភច្បាប់នេះនៅតែកើតមាននៅតំបន់ជាច្រើនលើពិភពលោក។ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ។
សេចក្តីរាយការណ៍ក៏ដកស្រង់ទិន្នន័យភាគីកម្ពុជាថា ក្រោយបទឈប់បាញ់ ប្រជាពលរដ្ឋជិត៦២០០០០នាក់បានវិលត្រឡប់ទៅផ្ទះវិញ ខណៈប្រមាណ៣០៩៣៤នាក់នៅមិនទាន់អាចវិលត្រឡប់បាន គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ភាគីកម្ពុជាបានអះអាងថា ការមិនអាចវិលត្រឡប់នេះពាក់ព័ន្ធការដាក់បន្លាលួស និងកុងតឺន័រ ព្រមទាំងវត្តមានកងកម្លាំងថៃនៅផ្នែកខ្លះនៃភូមិឋាន។
ដោយ៖ ង៉ែត ពិសាន្ត










