ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាទាត់ចោលការចោទរបស់ភាគីថៃថាកម្ពុជាផ្ទុះអាវុធ៥គ្រាប់នៅតំបន់ភ្នំបាក់ខេត្តឧត្តរមានជ័យ

KPS99TV

សេចក្តីសង្ខេប

អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បដិសេធការចោទប្រកាន់របស់ភាគីថៃអំពីសំឡេងកាំភ្លើង៥គ្រាប់នៅតំបន់ភ្នំបាក់ ក្រុងសំរោង។ ក្រសួងបានឆ្លើយតបនឹងការផ្សាយរបស់ទំព័រក្រុមអ្នកនាំពាក្យកងទ័ពថៃ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ និងអំពាវនាវឱ្យគោរពកិច្ចព្រមព្រៀងប្រឆាំងព័ត៌មានមិនពិត។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាបង្កហេតុផ្ទុះអាវុធ៥គ្រាប់នៅតំបន់ភ្នំបាក់ ស្ថិតនៅភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យរបស់កម្ពុជា។ បើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ចាត់ទុកការផ្សព្វផ្សាយព័ត៌មាននេះ ថាជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។

លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចេញមុខច្រានចោលព័ត៌មាននេះ ដោយសារតែឃើញផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ ចុះផ្សាយនៅព្រឹកថ្ងៃទី២២ ខែឧសភានេះថា មានលឺស្នូរផ្ទុះអាវុធ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុ។

អ្នកនាំពាក្យការពារជាតិកម្ពុជាថា កម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀតពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។ អ្នកនាំពាក្យរូបនេះ បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ជាពិសេសការអនុលោមតាមចំណុចទី៨ នៃសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីកសាងជំនឿទុកចិត្តទៅវិញទៅមក និងបរិយាកាសអំណោយផលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…