ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍លើឋានន្តរសក្តិនគរបាលបន្តវេនតាមមុខតំណែង

KPS99TV

សេចក្តីសង្ខេប

លិខិតទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ជម្រាបរដ្ឋមន្ត្រីមហាផ្ទៃថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍លើឋានន្តរសក្តិមន្ត្រីនគរបាលបន្តវេន តាមមុខតំណែងក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពថ្នាក់ប្រហាក់ប្រហែល។ តារាងគ្របដណ្តប់ពីអគ្គស្នងការ ដល់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល។

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានជម្រាបជូនទៅ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ បន្តវេនស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាល ថ្នាក់ប្រហាក់ប្រហែល ដូចខាងក្រោម៖

* អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ នាយឧត្តមសេនីយ៍
* អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក
* អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក
* អគ្គនាយករងនិងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ
* ប្រធានសេនាធិការដ្ឋាននិងប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ
* អនុប្រធានសេនាធិការដ្ឋាននិងអនុប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី
* ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី
* អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ឯក
* នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ទោ
* នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ត្រី
* នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ឯក
* នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ទោ៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…