ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន នៃប្រទេសចិន បានឯកភាពស្វែងយល់ពីលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីជំរុញការផ្សព្វផ្សាយ និងការផ្លាស់ប្តូរភ្ញៀវទេសចរ។
ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងតំណាងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Liu Xiaoming អភិបាលខេត្តហៃណាន និងសហការី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍។
ឯកឧត្តមអភិបាលខេត្តហៃណាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនមកខេត្តហៃណាន និងបានបង្ហាញការចាប់អារម្មណ៍ចំពោះស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងសក្តានុពលទេសចរណ៍របស់កម្ពុជា ជាពិសេសតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជា ប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រ ដែលអាចទាក់ទាញភ្ញៀវទេសចរចិនបានកាន់តែច្រើន។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តហៃណាន និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននៃភាគីទាំងពីរ។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្តឱ្យវិស័យឯកជនកម្ពុជា និងខេត្តហៃណាន សហការរៀបចំកញ្ចប់ទស្សនកិច្ច និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួមផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានស្នើឱ្យភាគីខេត្តហៃណាន ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាពលរដ្ឋចិន តាមរយៈបណ្តាញផ្សព្វផ្សាយ វេទិកាទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍នានា។ ឯកឧត្តមក៏បានស្នើឱ្យរៀបចំកម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង KOLs ពីខេត្តហៃណាន មកទស្សនាកម្ពុជា ដើម្បីពង្រីកការផ្សព្វផ្សាយទៅកាន់ទីផ្សារចិនឲ្យកាន់តែទូលំទូលាយ។
ខេត្តហៃណានជាគោលដៅទេសចរណ៍អន្តរជាតិសំខាន់មួយរបស់ចិន ដែលមានសក្តានុពលផ្នែកទេសចរណ៍ឆ្នេរ វប្បធម៌ និងកម្សាន្ត។ តាមរបាយការណ៍អំពីជំនួបជាមួយសហគ្រាសទេសចរណ៍នៅហៃណាន សហគ្រាសទាំងនេះបានជួយនាំភ្ញៀវទេសចរចិនមកកម្ពុជាជាង៣០ម៉ឺននាក់នាពេលកន្លងមក និងបានបង្ហាញគោលដៅទាក់ទាញភ្ញៀវចិន៥០ម៉ឺននាក់ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ និងការផ្សព្វផ្សាយទេសចរណ៍។
ដោយ៖ ប៉ៃ សុឃីម

















