សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាលត្រូវបន្តត្រៀមវិធានការបង្ការ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា។ ការណែនាំរបស់សម្តេចធិបតីធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២២ ខែឧសភា ស្របពេលដែលអង្គការសុខភាពពិភពលោក (WHO) បានសម្រេចដំឡើងកម្រិតហានិភ័យសុខភាពសាធារណៈពីការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) ពីកម្រិត «ខ្ពស់» ទៅជា «ខ្ពស់បំផុត» នៅថ្នាក់ជាតិ ដោយសារតែវីរុសនេះរីករាលដាលលឿន។
ទោះបីជាយ៉ាងណាក្តី គិតមកដល់ពេលនេះ កម្ពុជានៅមិនទាន់រកឃើញករណីជំងឺទាំងនេះនោះទេ។ ប៉ុន្តែសម្ដេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយក្រសួងសុខាភិបាលបន្ថែមក្នុងការបន្តពង្រឹងវិធានការតាមដាន និងផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋ និងត្រូវធានាថា គ្រប់យន្តការបង្ការ និងការឆ្លើយតបត្រូវបានត្រៀមលក្ខណៈរួចជាស្រេច។
បន្ថែមពីនេះ សម្តេចធិបតីលើកឡើងថា ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តអប់រំនិងបំផុសស្មារតីដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាផ្សព្វផ្សាយវីដេអូអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពីសារសំខាន់ នៃការចូលរួមសហការដូចជាការផ្តល់អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ និងការចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ ដែលនេះគឺជាការចូលរួមទទួលខុសត្រូវ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ៕
ដោយ៖ ង៉ែត ពិសាន្ត














