តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងរងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានអំពាវនាវឱ្យមានវិធានការបន្ទាន់ជួយសម្របសម្រួលឱ្យជនភៀសសឹកខ្មែរជាង៣២០០០នាក់អាចត្រឡប់ទៅផ្ទះវិញ។ លោកបានថ្លែងក្នុងកិច្ចប្រជុំអាយឆាលើកទី៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយលើកឡើងថា កងទ័ពថៃបន្តរាយលួសបន្លា និងដាក់ទូរកុងតឺន័រ ក្នុងទឹកដីកម្ពុជា រារាំងការវិលត្រឡប់របស់ពួកគាត់។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្សរបស់ជនភៀសសឹកជាង៣២០០០នាក់។ លោកបានថ្លែងថា ការបន្តរាយលួសបន្លា និងដាក់ទូរកុងតឺន័រដោយកងទ័ពថៃ មិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងអនុញ្ញាតឱ្យប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋាន និងប្រកបមុខរបរវិញ ដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។
លោកបានអំពាវនាវឱ្យមានវិធានការបន្ទាន់ និងចាំបាច់ជួយសម្របសម្រួលឱ្យជនភៀសសឹកវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងបញ្ឈប់សកម្មភាពបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការពារសិទ្ធិមូលដ្ឋានរបស់ពួកគាត់ ស្របតាមច្បាប់អន្តរជាតិ។ លោកបានគូសបញ្ជាក់ជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព ស្ថិរភាព និងការការពារសិទ្ធិមនុស្ស។
ដោយ៖ ង៉ែត ពិសាន្ត
















