ខេត្តរតនគិរី៖ ឯកឧត្តម Wang Wenbin បានបង្ហាញសេចក្តីរីករាយយ៉ាងខ្លាំង ក្រោយអញ្ជើញទៅទស្សនាភូមិចិនក្នុងស្រុកវើនសៃ ខេត្តរតនគិរី ដែលជាសហគមន៍មានប្រវត្តិសាស្ត្រយូរលង់នៃការតាំងទីលំនៅរបស់ជនជាតិចិននៅកម្ពុជា។
ឯកឧត្តមបានលើកឡើងថា កាលពីជាង១៣០ឆ្នាំមុន ជនជាតិចិន Hakka មកពីតំបន់ហ៊ុយយ៉ាង ខេត្តក្វាងទុង ប្រទេសចិន បានធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយមកតាំងទីលំនៅនៅស្រុកវើនសៃ ហើយបច្ចុប្បន្ន កូនចៅរបស់ពួកគេបានបន្តរស់នៅរហូតដល់ជំនាន់ទី៥។
ក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ប្រជាជននៅភូមិចិនវើនសៃ បានរស់នៅដោយសុខដុមរមនាជាមួយអ្នកស្រុកក្នុងតំបន់ បង្កើតបានជាគំរូនៃការរួបរួម វប្បធម៌ និងមិត្តភាពដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងយ៉ាងរស់រវើកពីទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងចិន ពីមួយជំនាន់ទៅមួយជំនាន់៕ ដោយ៖ សុខ ស៊ីណាន











