ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឧកញ៉ា គិត ស៊ូឡា ប្រកាសបរិច្ចាគថវិកា ៤៥០,៥៥៥ ដុល្លារ ជូនយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ឧកញ៉ា គិត ស៊ូឡា ប្រធានប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Royal Group International បានប្រកាសបរិច្ចាគ ៤៥០,៥៥៥ ដុល្លារ ដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រសេវាសុខាភិបាលឥតគិតថ្លៃ។

ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ឧកញ៉ា គិត ស៊ូឡា ប្រធានប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Royal Group International Company និងជាកូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានប្រកាសបរិច្ចាគថវិកាចំនួន ៤៥០,៥៥៥ ដុល្លារ ដើម្បីគាំទ្រដល់យុទ្ធនាការមនុស្សធម៌នេះ។
ការបរិច្ចាគនេះ ធ្វើឡើងតបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងគោលបំណងចូលរួមគាំទ្រដល់ការផ្តល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា។
កន្លងមក កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា គិត ស៊ូឡា ក៏បាននាំយកថវិកាចំនួន ១,៥៥៥,៥៥៥ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ផងដែរ។
នាពេលបច្ចុប្បន្នឧកញ៉ា គិត ស៊ូឡា កំពុងបន្តដើរតាមគន្លងឪពុកម្តាយ ក្នុងការចូលរួមជួយសង្គម និងលើកកម្ពស់សកម្មភាពសប្បុរសធម៌នៅកម្ពុជា។
គួរបញ្ជាក់ថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» គឺជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងជំរុញស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការចូលរួមបរិច្ចាគជួយដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាសុខាភិបាលប្រកបដោយគុណភាព និងឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…