ខេត្តព្រះសីហនុ៖ រោងចក្រកែច្នៃលោហធាតុជាគ្រឿងបង្គុំសម្រាប់ផលិតអាគុយរថយន្តមួយ គ្រោងលេចវត្តមាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រ របស់ក្រុមហ៊ុន ភូ ហ្វេង ញូអេនើជី ថេកណូឡូជី ឯ.ក. (Pu Feng New Energy Technology Co., LTD) ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
តាមការបញ្ជាក់ពីក្រុមហ៊ុន រោងចក្រនេះមានគោលដៅផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយនៅពេលដំណើរការពេញសមត្ថភាព នឹងត្រូវការកម្លាំងពលកម្មប្រមាណ ១០០នាក់។ ក្រោមយន្តការគាំទ្រអ្នកវិនិយោគ លោកអភិបាលរងខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ សម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាបន្តបន្ទាប់ ដើម្បីបង្កភាពងាយស្រួលដល់ការវិនិយោគ។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យក្រុមហ៊ុន៖ ផ្តល់អាទិភាពការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ភ្ជាប់សេវា ប.ស.ស. ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ, រៀបចំអគាររោងចក្រឱ្យមានខ្យល់ចេញចូលល្អ និងមានច្រកសុវត្ថិភាព, បំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គិភ័យឱ្យបានគ្រប់គ្រាន់, ចូលរួមដាំដើមឈើបន្ថែម ដើម្បីបង្កើនបរិយាកាសល្អ និងផាសុខភាពដល់បុគ្គលិក និងកម្មករផងដែរ៕
ដោយ៖ ប៉ៃ សុឃីម




















