រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។ យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានផ្សព្វផ្សាយនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ការស្នើសុំ និងការផ្ដល់សេវារដ្ឋបាលតាមអនឡាញ គ្របដណ្តប់លើវិស័យចំនួន៩ ដូចខាងក្រោម៖
- 1. ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)។
- 2. ការងាររដ្ឋបាល។
- 3. វិស័យទេសចរណ៍។
- 4. វិស័យសាធារណការ និងដឹកជញ្ជូន។
- 5. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ។
- 6. វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
- 7. វិស័យរ៉ែ និងថាមពល។
- 8. វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី។
- 9. វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សេចក្តីជូនដំណឹងបញ្ជាក់ថា ការស្នើសុំ និងទូទាត់កម្រៃសេវារដ្ឋបាលតាមអនឡាញ មានតម្លៃសេវារដ្ឋបាលដូចគ្នានឹងការមកស្នើសុំ និងបង់កម្រៃជាសាច់ប្រាក់ដោយផ្ទាល់នៅសាលារាជធានីភ្នំពេញ ដោយពុំមានការបន្ថែមកម្រៃលើសេវាទូទាត់នោះទេ។
ប្រជាពលរដ្ឋនៅតែអាចមកស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ក្នុងបរិវេណសាលារាជធានីភ្នំពេញ អាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងបានបង្ហាញគេហទំព័រ http://online.owso.gov.kh/ ជាច្រកសម្រាប់សេវាអនឡាញ។ អ្នកស្នើសុំអាចចូលគេហទំព័រនេះ ឬស្កេន QR Code ដែលបានភ្ជាប់ ដើម្បីបង្កើតគណនី ហើយភ្ជាប់ឯកសារពាក់ព័ន្ធតាមការណែនាំនៅក្នុងជំហាននីមួយៗ។









