អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទទួលបានការលើកលែងទោសដាក់ពន្ធនាគារតាមព្រះរាជក្រឹត្យដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខា ប៉ុន្តែទោសបន្ថែម រួមមានការដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត នៅតែមានប្រសិទ្ធភាព។
ការសម្រេចដោះលែងលោក កឹម សុខា បន្ទាប់ពីរូបលោកត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទគប់គិតត្រូវរ៉ូវគ្នាជាមួយបរទេសប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
លោក កឹម សុខា ត្រូវបានដោះលែងវិញតាមព្រះរាជក្រឹត្យដែលមានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ហើយត្រូវបានបណ្តាញសារព័ត៌មានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅយប់ថ្ងៃដដែល។ ក្នុងព្រះរាជក្រឹត្យមិនបានបញ្ជាក់លម្អិតអំពីការដកសិទ្ធិធ្វើនយោបាយរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះនោះទេ តែក្នុងកំណត់ហេតុស្តីពីការអនុវត្តព្រះរាជក្រឹត្យរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក កឹម សុខា ត្រូវបានទទួលការលើកលែងទោសដាក់ពន្ធនាគារចំនួន២៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែចំពោះទោសបន្ថែម លោក កឹម សុខា ត្រូវតែអនុវត្តពោលគឺដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោតឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ព្រមទាំងហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំទៀតផង៕
ដោយ៖ ង៉ែត ពិសាន្ត









