ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផារួមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

KPS99TV

សេចក្តីសង្ខេប

ថ្ងៃទី២៦ ខែឧសភា ឯកអគ្គរដ្ឋទូតស្វីស Pedro Zwahlen បានជម្រាបលាសម្តេចធិបតី ហ៊ុន ម៉ាណែត និងបញ្ជាក់ពីការបន្តគាំទ្រការអភិវឌ្ឍកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែឧសភា បានអនុញ្ញាតឱ្យឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។

បើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី បានឱ្យដឹងថា ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។

ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកយ៉ាងសកម្មជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។

ជុំវិញនឹងការសន្យាបន្តជួយគាំទ្រកម្ពុជា សម្ដេចធិបតីឆ្លើយតបដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។  សម្ដេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និងចាំបាច់របស់កម្ពុជា។

បន្ថែមលើនេះ សម្ដេចធិបតី បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជានិងស្វីសនៅមានសក្តានុពលជាច្រើនទៀតនៅក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច, វិនិយោគ, ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានប្រាប់ឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាម អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលស្វីសគាំទ្រការបន្តអនុវត្តបទឈប់បាញ់របស់ភាគីទាំងពីរ និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…