ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ហុងគ្រីនឹងបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា

KPS99TV

សេចក្តីសង្ខេប

ថ្ងៃទី២៦ ខែឧសភា ឯកអគ្គរដ្ឋទូតហុងគ្រី Tibor Baloghdi បានជម្រាបលាសម្តេចធិបតី ហ៊ុន ម៉ាណែត និងបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង ការអប់រំ និងកិច្ចសហប្រតិបត្តិការវិស័យឯកជន។

ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំកម្ពុជា ឯកឧត្តម Tibor BALOGHDI បានបញ្ជាក់ថា ហុងគ្រីនឹងនៅតែបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។

ការគូសបញ្ជាក់ពីជំហរដោយឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា នាឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា នៅវិមានសន្តិភាព ។

ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ទំនាក់ទំនងនេះបានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរទៅជាដៃគូដ៏ជិតស្និទ្ធ។ ជាក់ស្ដែង ការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងវិនិយោគិននៃប្រទេសទាំងពីរ គឺស្ដែងឱ្យឃើញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ 

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។

សម្ដេចធិបតីក៏បានបង្ហាញការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែលបាននិងកំពុងបន្តផ្ដល់អាហារូបករណ៍ និងយកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដើម្បីបន្តចូលរួមចំណែកកសាងធនធានមនុស្សកម្ពុជា។

សម្ដេចបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋគឺពិតជាមានសារៈសំខាន់ តែទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏មានតួនាទីសំខាន់ដូចគ្នា ក្នុងការជំរុញចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត។ សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងសកល។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យកម្ពុជា-ហុងគ្រីបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងឯកជន ឱ្យកាន់តែស្អិតរមួត តាមរយៈការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច ដែលផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹក និងកសិ-ឧស្សាហកម្ម ជាដើម។ សម្ដេចធិបតីក៏បានជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើនទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…