ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ត្រីបសុព្យាបាលខេត្តព្រះសីហនុ ចុះព្យាបាលគោ និងផ្តល់ថ្នាំសង្កូវជូនពលរដ្ឋនៅស្រុកព្រៃនប់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមការងារបានចុះពិនិត្យនិងព្យាបាលគោចំនួន២០ក្បាល នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ព្រមទាំងផ្តល់សម្ភារៈសម្រាប់ការព្យាបាលបន្តនៅមូលដ្ឋាន។

ខេត្តព្រះសីហនុ៖ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា មន្ទីរកំពុងបន្តយុទ្ធនាការចុះជួយសង្គ្រោះ និងព្យាបាលសត្វពាហនៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្ត យ៉ាងសកម្ម។
ក្នុងយុទ្ធនាការនេះ លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមការងារ រួមមានមន្ត្រីកសិកម្មឃុំ និងពេទ្យសត្វភូមិ ចុះពិនិត្យ និងព្យាបាលសត្វគោជូនប្រជាពលរដ្ឋចំនួន ២០ក្បាល នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រៅពីការព្យាបាលផ្ទាល់ ក្រុមការងារក៏បានផ្តល់សម្ភារៈវេជ្ជសាស្ត្រសត្វមួយចំនួន ដូចជា សឺរាំង ម្ជុល និងថ្នាំព្យាបាលសត្វ ជូនដល់ពេទ្យសត្វភូមិ និងក្រុមប្រឹក្សាឃុំ ដើម្បីទុកប្រើប្រាស់សម្រាប់ការព្យាបាលបន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះផងដែរ លោកអនុប្រធានការិយាល័យ បានណែនាំឱ្យម្ចាស់សត្វបង្កើនការយកចិត្តទុកដាក់លើការថែទាំសត្វ ពិសេសការផ្តល់ចំណីអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ ដើម្បីបង្ការជំងឺផ្សេងៗ ជាពិសេសនៅក្នុងរដូវវស្សា និងអំឡុងពេលអាកាសធាតុប្រែប្រួល៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…