ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

«រត់ដើម្បីកុមារ រួមគ្នាបង្កើតអនាគត»៖ កម្មវិធី Run for Charity លើកទី២ ប្រមូលថវិកាបាន ១០៤លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

KPS99TV

សេចក្តីសង្ខេប

កម្មវិធី Run for Charity លើកទី២ នៅភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ប្រមូលបាន១០៤លានរៀល សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា។ រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្ត្រា បញ្ជាក់ថា មានអ្នករត់១៧០០នាក់ មកពី១១សញ្ជាតិចូលរួម។

ភ្នំពេញ៖ កម្មវិធីរត់ដើម្បីមនុស្សធម៌ «Run for Charity» លើកទី២ ក្រោមប្រធានបទ «ដើម្បីកុមារ ដើម្បីអនាគតយើង» បានប្រមូលថវិកាចំនួន ១០៤លានរៀល ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រួមចំណែកលើកកម្ពស់សុខុមាលភាព និងសេវាព្យាបាលកុមារនៅកម្ពុជា។

ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណសួនអេកូផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយស្ថាប័នសារព័ត៌មាន ASEAN Top និងទទួលបានការគាំទ្រយ៉ាងសកម្មពីវិស័យឯកជន ក្នុងគោលបំណងអបអរសាទរទិវាកុមារអន្តរជាតិ និងប្រមូលមូលនិធិសប្បុរសធម៌សម្រាប់គាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងជំរុញការយល់ដឹងអំពីការថែរក្សាសុខភាព និងការចូលរួមទទួលខុសត្រូវសង្គម។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា កម្មវិធីរត់ដើម្បីមនុស្សធម៌ឆ្នាំនេះ ទទួលបានការចូលរួមពីអ្នករត់ចំនួន ១,៧០០នាក់ មកពី ១១សញ្ជាតិ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការរួមចំណែកដ៏មានអត្ថន័យសម្រាប់កុមារកម្ពុជា។

ជាលទ្ធផល កម្មវិធីអាចប្រមូលថវិកាបានសរុបចំនួន ១០៤,០០០,០០០រៀល ដែលនឹងត្រូវប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តបេសកកម្មផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់កុមារកម្ពុជា ដោយឥតគិតថ្លៃ។ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…