ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកនេះ

KPS99TVថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

ស្តូបនយោបាយឈ្នះឈ្នះកោះកុងបានសម្ពោធនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្រោយសាងសង់៦ឆ្នាំ។ សេចក្តីរាយការណ៍រៀបរាប់ពីពិធី និងសកម្មភាពសិល្បៈ ពាណិជ្ជកម្ម និងកីឡាអមព្រឹត្តិការណ៍។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីចាយពេលសាងសង់អស់រយៈពេល ៦ឆ្នាំ។

ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នាព្រឹកនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជននិងសិស្សានុសិស្សចូលរួមប្រមាណជាង៦៣០០នាក់។

ការសាងសង់និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបនយោបាយឈ្នះឈ្នះកោះកុងនាពេលនេះ គឺដើម្បីផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះដែលបានផ្ដួចផ្ដើមឡើងដោយមគ្គទេសឯក គឺសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា ដើម្បីបញ្ជ្រាបដល់សាធារណជននិងប្រជាពលរដ្ឋខ្មែរទាំងមូលឱ្យយល់ជ្រាប តាមរយៈការបង្កើតជាទម្រង់សិល្បៈបញ្ចេញជាសារ តាមរយៈរចនាបថនៃសំណង់ស្ថាបត្យកម្ម និងការបង្កើតជាចម្លាក់រឿងជាដើម។ មួយវិញទៀតគឺដើម្បីឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃសន្តិភាពដែលទទួលបានតាមរយៈនយោបាយឈ្នះឈ្នះដែលមានរយៈពេល ២៨ឆ្នាំហើយ ពោលគឺចាប់ពីឆ្នាំ១៩៩៨រហូតឆ្នាំ២០២៦នេះ។

ស្តូបនយោបាយឈ្នះឈ្នះកោះកុង បានប្រើពេល ៦ឆ្នាំក្នុងការសាងសង់លើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងហើយមានកម្ពស់ ៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ៤ជ្រុង ខាងក្រោមមានរូបសំណាក់តោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាលបីជាដើម។ ចំណែក ការចំណាយថវិកាសម្រាប់ការសាងសង់ស្តូបនយោបាយឈ្នះឈ្នះកោះកុង គឺទទួលបានពីការចូលរួមពីសប្បុរសជនដោយមិនបានយកថវិការជាតិយកមកសាងសង់នោះទេ។

នៅក្នុងពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះកោះកុងនាព្រឹកនេះ គេសង្កេតឃើញមានព្រឹត្តិការណ៍ជាច្រើនផងដែរ រួមមាន ការដង្ហែរក្បួនរថយន្តរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ការតាំងពិព័រណ៍ និងសម្តែងយានយន្ត ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀតដូចជា ការតាំងពិព័រណ៍ពាណិជ្ជកម្ម ការសម្តែងសិល្បៈ ប្រគុំតន្ត្រី របាំមហាជន និងការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិទៀតផង៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…