ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផលិតផលពិសេសកម្ពុជា៤មុខទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងស្រុក

KPS99TVអានអត្ថបទដើម

សេចក្តីសង្ខេប

ក្រសួងពាណិជ្ជកម្មបានប្រកាសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងស្រុក សម្រាប់សូត្រមាសភ្នំស្រុក ក្តាមថ្មកោះកុង ស្វាយចន្ទីកំពង់ធំ និងស្វាយឧត្តរមានជ័យ ដើម្បីការពារសហគមន៍ផលិតករ និងបង្កើនឱកាសទទួលស្គាល់នៅបរទេសនាពេលអនាគត។

ផលិតផលពិសេសកម្ពុជា៤មុខទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងស្រុក

ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសពីការចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន៤មុខ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

ក្រសួងបានបញ្ជាក់ថា នេះជាជំហានសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងតម្លៃម៉ាកផលិតផលពិសេសកម្ពុជាលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើតលក្ខខណ្ឌសម្រាប់ការចូលទីផ្សារ និងការទទួលស្គាល់នៅបរទេសនាពេលអនាគត។

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលទើបបានចុះបញ្ជីទាំង៤រួមមាន៖

• សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk )៖ ផលិតផលត្បាញដោយដៃ ប្រើពណ៌ធម្មជាតិ មានសរសៃសូត្រល្អ រឹងមាំ និងភ្លឺរលោង។

• ក្តាមថ្មកោះកុង (Koh Kong Mud Crab )៖ ក្តាមពីតំបន់ព្រៃកោងកាង ដែលមានសាច់ណែន និងរសជាតិផ្អែមពិសេស។

• ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut )៖ គ្រាប់ធំ សាច់ពេញ ស្រួយ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ។

• ស្វាយឧត្តរមានជ័យ (Oddar Meanchey Mango )៖ សាច់ណែន ស្រួយ មានទឹកដម និងរសជាតិជូរអែម ហើយអាចកែច្នៃជាផលិតផលច្រើនប្រភេទ។

ក្រសួងបានលើកឡើងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអាចជួយទប់ស្កាត់ការក្លែងបន្លំ និងការប្រើឈ្មោះផលិតផលមិនត្រឹមត្រូវ ការពារអត្តសញ្ញាណតំបន់ផលិត ព្រមទាំងលើកកម្ពស់ជំនាញប្រពៃណី វប្បធម៌ក្នុងតំបន់ ទេសចរណ៍នៅតំបន់ផលិត និងការការពារបរិស្ថាន។

ការចុះបញ្ជីនេះក៏អាចបង្កើនតម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ដោយជួយត្រួសត្រាយផ្លូវសម្រាប់ការទទួលស្គាល់ GI នៅបរទេស និងការការពារនៅទីផ្សារសកលនាពេលអនាគត។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…